នាយករដ្ឋមន្រ្តីថៃថាផលប៉ះពាល់សេដ្ឋកិច្ចដោយសារវិបត្តិកូវីដ១៩អាចអូសបន្លាយរយៈពេលជាង៩ខែទៀត
បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថា ផលប៉ះពាល់សេដ្ឋកិច្ចថៃដែលបង្កដោយវីរុសកូវីឌ១៩ នឹងអូសបន្លាយប្រមាណ៩ខែទៀត ខណៈវិបត្តិនៅទូទាំងពិភពលោកបានបណ្តាលឲ្យសកម្មភាពអាជីវកម្មក្នុងស្រុក និងវិស័យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។
ថៃដែលជាប្រទេសសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ាន អាចនឹងខាតបង់ទឹកប្រាក់ប្រមាណ ៤០លានដុល្លាសហរដ្ឋអាមេរិក ខណៈអត្រាអត់ការងារធ្វើមានជាង១០លានកន្លែង ដោយសារការរាតត្បាតនៃវីរុសកូវីដ១៩។ នេះបើយោងតាមក្រុមពាណិជ្ជករ។
លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា លោកប្រហែលអាចនឹងស្នើឲ្យក្រុមអ្នកមានៗសហការដោះស្រាយការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈលោកបានធ្វើបែបនេះដាក់ក្រុមអ្នកមានជាង២០នាក់កាលពីខែមុន។
រដ្ឋាភិបាលថៃបានដាក់ចេញវិធានការណ៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដោយរួមមានកញ្ចប់ថវិកាចុងក្រោយបង្អស់របស់ខ្លួនប្រមាណ ៥៩ ពាន់លានដុល្លារ ត្រូវបានអនុម័តកាលពីដើមខែមេសា។
ធនាគារកណ្តាលបានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះ ៥,៣% នៅឆ្នាំនេះ។ នេះការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមកចាប់តាំងពីវិបត្តិរូបិយប័ណ្ណអាស៊ី និងវិបត្តិបំណុលក្នុងឆ្នាំ១៩៩៨។
សូមបញ្ជាក់ផងដែរថា ថៃមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួនជិត ៣ពាន់នាក់ និងមានករណីស្លាប់ចំនួន ៥៤ នាក់ ចាប់តាំងពីផ្ទុះឡើងដំបូងកាលពីខែមករា។ ប្រទេសនេះបានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនមួយចំនួនឡើងវិញកាលពីថ្ងៃអាទិត្យ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា