[ទាន់ហេតុការណ៍] សរុបកើនឡើង៩១ករណីហើយ ក្រោយកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីទៀត នៅយប់ថ្ងៃទី២៤ មីនា ២០២០
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីបន្ថែមទៀតនៅខេត្តកំពង់ចាម និងជាចំនួន៤ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៩១នាក់ និងករណីជាសរុប៦នាក់។
មិនា 24, 2020 02:12
1337
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២៤ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីថ្មីបន្ថែមទៀតនៅខេត្តកំពង់ចាម និងជាចំនួន៤ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៩១នាក់ និងករណីជាសរុប៦នាក់។
ករណីថ្មីទាំង៤នេះ កើតលើជនជាតិអាមេរិកចំនួន២នាក់ និងជនជាតិអង់គ្លេសចំនួន២នាក់ ជាអ្នកទេសចរតាមនាវា Viking Cruise Journey ក្នុងចំណោមអ្នកទេសចរទាំង៥៧នាក់ ដែលបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកទាំង៤នាក់ ត្រូវបានធ្វើតេស្តរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ នៅវេលាយប់ថ្ងៃទី២៣ មីនា ២០២០ ហើយពួកគេត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ខណៈ៥៣នាក់ផ្សេងទៀតធ្វើតេស្តរកឃើញថាអវិជ្ជមានកូវីដ១៩។
យោងតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមត្រូវបានដកស្រង់សម្តីក្នុងកាសែតខ្មែរថាមស៍ថ្ងៃទី២៤ មីនានេះ បានឲ្យដឹងថា អ្នកដំណើរទាំង៥៣នាក់ និងបុគ្គលិកលើនាវា Viking Cruise Journey ត្រូវបានអនុញ្ញាតិឲ្យចាកចេញពីសណ្ឋាគារហើយ បន្ទាប់ពីពួកគេត្រូវបានធ្វើតេស្តរកឃើញថា អវិជ្ជមានវីរុសកូវីដ១៩។
សូមបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ២១:៣០ យប់ថ្ងៃទី២៤ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន៩១នាក់ ដោយក្នុងនោះស្រី ២៤នាក់ និងប្រុស ៦៧នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន៦នាក់ (ជនជាតិចិន ១នាក់ អង់គ្លេស ១នាក់ និងខ្មែរ ៤នាក់)៕
ដោយ៖ ចាប មិថុនា