លោក Jack Ma ប្រើ Twitter ជាលើកដំបូងធ្វើរឿងនេះមុនគេគឺដឹកម៉ាស់ទៅសហរដ្ឋអាមេរិក
ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba លោក Jack Ma បានចាប់ផ្តើមប្រើប្រព័ន្ធ Twitter ជាលើកដំបូង ហើយលោកក៍បានថតរូបជាច្រើនសន្លឹកមានទាំងយន្តហោះឈ្មោះថា China Eastern Airlines ដែលបានដឹកប្រអប់ម៉ាស់ និង ឧបករណ៏ធ្វើតេស្តវីរុសកូរ៉ូណាជាច្រើន ទៅកាន់សហរដ្ឋអាមេរិកពីទីក្រុងសៀងហៃ។អមជាមួយសំណេរមួយឃ្លាថា៖ “ជូនពរសំណាងល្អមិត្តៗនៅអាមេរិក។”
គួរបញ្ជាក់ផងដែរថាមូលនិធិ Jack Ma Foundation និង Alibaba Foundation បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ពួកគេបានត្រៀមឧបករណ៍តេស្តវីរុសកូរ៉ូណាចំនួន ៥សែនគ្រឿង និងម៉ាស់មុខចំនួន ១លានម៉ាស់ សម្រាប់ផ្ញើទៅកាន់សហរដ្ឋអាមេរិក បន្ថែមពីនេះមូលនិធិទាំងពីរនេះក៏ធ្លាប់បានផ្ដល់ជំនួយទៅដល់ប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និង អេស្ប៉ាញផងដែរ។
បន្ថែមពីនេះលោក Jack Ma ក៍ធ្លាប់បានប្រកាសនៅលើគណនីWeibo របស់លោកថាលោកនឹងបរិច្ចាគ ១០០ លានយ័ន (២០,៣ លានដុល្លារ) តាមរយៈមូលនិធិរបស់លោកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងការការពារជំងឺនេះផងដែរ។
ប្រភព ៖ straitstimes ប្រែសម្រួល៖ ជា បញ្ញា